ទិវាស្តាប់ឮកម្ពុជាឆ្នាំ ២០២៦

នាព្រឹកថ្ងៃសៅរ៏ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ អង្គការ រក្សាកុមារ បានរៀបចំទិវាការស្តាប់ឮកម្ពុជាលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ពីសហគមន៏ឆ្ពោះទៅថ្នាក់រៀន៖ ការថែទាំការស្តាប់ឮ ចំពោះកុមារគ្រប់រូប“ នៅសារមន្ទីរ ស.ស.រ-សារមន្ទីរព្រះស្រីឦសានវរ្ម័ន ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការរក្សាកុមារ។

ទិវានេះផ្តោតលើភាពចាំបាច់ចំនួនពីរគឺ៖ ការការពារ ការបាត់បង់ការស្តាប់ឮរបស់កុមារដែលអាចជៀសវាងបាន និងការកំណត់អត្តសញ្ញាណទាន់ពេល សម្រាប់កុមារដែលមានបញ្ហាការបាត់បង់ការស្តាប់ឮ។ ឆ្លៀតក្នុងឳកាសនេះដែរ លោកជំទាវបណ្ឌិត ជា សិរី បានធ្វើការអំពាវនាវដល់៖ (១) ស្ថាប័នអប់រំ៖ បញ្ចូលការត្រួតពិនិត្យ ការបាត់បង់ការស្តាប់ឮ ទៅក្នុងផែនការសុខភាពសាលា។ (២) ឪពុកម្តាយ និងសហគមន៍៖ ផ្សព្វផ្សាយការពិនិត្យសុខភាពជាប្រចាំ និងការពារត្រចៀករបស់កុមារពីសំលេងខ្លាំងៗ។ ផ្លាស់ប្តូរផ្នត់គំនិតពីការថែទាំការស្តាប់ឮ ដែលគ្រាន់តែជាបញ្ហាផ្នែកវេជ្ជសាស្រ្ត ទៅជាទំនួលខុសត្រូវរួមគ្នារវាងឪពុកម្តាយ គ្រូបង្រៀន និងបុគ្គលិកសុខាភិបាល។ (៣) អ្នកបង្កើតគោលនយោបាយ៖ គាំទ្រការរួមបញ្ចូលការថែទាំត្រចៀកទៅក្នុងការថែទាំសុខភាពបឋម ដែលស្របទៅនឹងគោលនយោបាយរបស់អង្គការសុខភាពពិភពលោក។

ការបាត់បង់ការស្តាប់ឮ ប៉ះពាល់ដល់ការអប់រំ និងឱកាសនាពេលអនាគតរបស់កុមារគ្រប់រូប។ ការកំណត់អត្តសញ្ញាណទាន់ពេល លើបញ្ហាការបាត់បង់ការស្តាប់ឮ មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍភាសារបស់កុមារ និងជោគជ័យក្នុងការសិក្សាសម្រាប់កុមារ ។ ការវិនិយោគលើការថែទាំការស្តាប់ឮនៅថ្ងៃនេះ នឹងចូលរួមចំណែកកសាងអនាគតដ៏រឹងមាំសម្រាប់កុមារគ្រប់រូបក្នុងប្រទេសកម្ពុជា។

Follow us on Facebook & Instagram

Share this:
Categories Education Health Care