Blog

ជីវិតក្នុងទ្រុងដែក៖ ក្តីសង្ឃឹមមានឡើងវិញក្រោយទទួលបានការព្យាបាលត្រឹមត្រូវ

ជីវិតក្នុងទ្រុងដែក៖ ក្តីសង្ឃឹមមានឡើងវិញក្រោយទទួលបានការព្យាបាលត្រឹមត្រូវ

បុរសម្នាក់វ័យ ៤៤ឆ្នាំ ត្រូវបានគ្រួសារបង្ខាំងទុកនៅក្នុងទ្រុងដែកនៅខាងក្រោយផ្ទះ។ បើយោងតាមការរៀបរាប់របស់ម្តាយអ្នកជំងឺ មុនពេលឈានដល់ការដាក់ក្នុងទ្រុងដែកនេះ ដំបូងឡើយ គាត់ត្រូវបានដាក់ច្រវាក់ជើងប៉ុណ្ណោះ។ ប៉ុន្តែដោយសារអ្នកជំងឺចេះតែរកវិធីដោះច្រវាក់បាន ហើយតែងតែដើរវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ រហូតធ្វើឲ្យម្តាយត្រូវខំរ៉ាប់រងសងសំណងគេរហូតធ្លាក់ខ្លួនខ្សត់ខ្សោយ ទើបសម្រេចចិត្តធ្វើទ្រុងដែកដើម្បីបង្ខាំងគាត់។ ទោះជាយ៉ាងណា សូម្បីតែនៅក្នុងទ្រុងដែកក៏អ្នកជំងឺនៅតែអាចហែកដែករត់រួច ដែលជាហេតុធ្វើឲ្យម្តាយត្រូវបន្ថែមច្រវាក់ជើងមួយជាន់ទៀត។ ប៉ុន្តែដោយសារគាត់នៅតែអាចហែកទ្រុងរត់បាន ទីបំផុតគ្រួសារក៏សម្រេចចិត្តដាក់ទ្រុងដែក និងដាក់ច្រវាក់កបន្ថែមទៀត។ អ្នកជំងឺបានធ្លាក់ខ្លួនមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរតាំងពីអាយុ ១៧ឆ្នាំមកម៉្លេះ។ អាការដំបូងៗនាពេលនោះ គឺគាត់ចេះតែរត់ មិនសូវគេង ឈឺក្បាល ដើរក្រឡឹងជុំវិញផ្ទះនៅពេលយប់ និងដើរវាយបំផ្លាញរបស់របរអ្នកជិតខាង។